ជំងឺពក.ក បើមិនព្យាបាលត្រឹមត្រូវអាចបណ្តាលឱ្យស្លាប់
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១០:២៩ (27-04-2017 10:29)
ពក.កគឺជាជំងឺមួយប្រភេទដែលបណ្តាលមកពីកង្វះជាតអីុយ៉ូដ ។
ជំងឺនេះស្តែងឱ្យដឹង និងពិនិត្យឃើញផ្ទាល់ភ្នែក ក៏ប៉ុន្តែអាចបណ្តាលមកពីជំងឺមហារីកផងដែរ
ដូច្នេះហើយរាល់ពេលដែលមានបញ្ហាពកកកើតឡើង
គឺទាមទារឲ្យអ្នកជំងឺពិនិត្យរកមូលហេតុឲ្យបានត្រឹមត្រូវ ។
លោកវេជ្ជបណ្ឌិតអ៊ុង នរិន្ទ អនុប្រធានផ្នែកត្រចៀក ច្រមុះបំពងក E3(អគារទី៣)
នៃមន្ទីរពេទ្យព្រះអង្គឌួង និងជាសមាជិកសមាគម ត្រចៀកច្រមុះ
បំពង់ក ក្បាលកម្ពុជា រៀបរាប់ប្រាប់កោះសន្តិភាពឲ្យដឹងថា ជំងឺពក.ក គឺជាការរីកធំឡើងនៃក្រពេញទីរ៉ូអីុដ ហើយក្រពេញទីរ៉ូអុីដនេះមានមុខងារសំខាន់ដូចជា
ធ្វើឲ្យមានការរីកធំធាត់ទាំងឆ្អឹង និងសតិបញ្ញា ជួយបំបែកខ្លាញ់(បំផ្លាញខ្លាញ់) និងជួយបញ្ចេញអ៊័រម៉ូនធ្វើឲ្យបេះដូងដើរលឿនជាដើម ។
បើសិនជាក្រពេញនេះមានការរីកធំខ្លាំងដែលយើងហៅថាជំងឺពកក
អាចនឹងបណ្តាលឲ្យមានផលប៉ះពាល់ជាច្រើនដូចជា៖
-ពិបាកលេបអាហារ ។
-ពិបាកបញ្ចេញសំឡេង ។
-ពិបាកដកដង្ហើម ។
-អាចធ្វើឲ្យប៉ះពាល់ទៅលើបេះដូង ។
-ប៉ះពាល់ផ្នែកអារម្មណ៍ ។
-ប៉ះពាល់ដល់មុខងារសរសៃប្រសាទ ។
-ធ្វើឲ្យមានបញ្ហាពុកឆ្អឹង ។
-ធ្វើឲ្យគ្រាប់ភ្នែករីកធំ ឬក្រហម និងអាចបណ្តាលឲ្យមានបញ្ហាស្បែកជាដើម ។
លោកវេជ្ជបណ្ឌិតបន្តទៀតថា ជំងឺពក.កមាន២ប្រភេទ គឺពកកធម្មតា និងពកកដោយសារ
តែជំងឺមហារីក ។
ជាការណ៍ពិតជំងឺពកកនេះអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន បើសិនជាពុំបានព្យាបាលឲ្យបានត្រឹមត្រូវ ជាពិសេសជំងឺពកកដែលបណ្តាលមកពីជំងឺមហារីក ។
ជំងឺពកកធម្មតាអាចព្យាបាលជាសះស្បើយបានមួយរយភាគរយ បើការព្យាបាលធ្វើឡើងជាមួយគ្រូពេទ្យជំនាញ និងត្រឹមត្រូវតាមក្បួនខ្នាត។
ដូចដែលលោកអ្នកមួយចំនួនបានដឹងហើយថា ជំងឺពក.កបណ្តាលមកពីការកង្វះជាតិអុីយ៉ូដ ។
អុីយ៉ូដ គឺជាជាតិរ៉ែខនិកមួយប្រភេទ ដែលមានសារសំខាន់ ក្នុងការវិវឌ្ឍទាំងការលូតលាស់ផ្នែកសរីរាង្គ និងសតិបញ្ញារបស់មនុស្ស ។
កង្វះជាតិអុីយូដធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់មនុស្សទាំងក្មេងទាំងចាស់ រួមទាំងសង្គមទាំងមូលផងដែរ ពិសេសអាចនាំឲ្យកើតមានជំងឺពក.កនេះតែម្តង។
ការការពារបញ្ហាកង្វះជាតិអុីយ៉ូដ ដោយបង្កើនការបរិភោគចំណីអាហារ ដែលសម្បូរជាតិអុីយ៉ូដទាំងចំណីអាហារធម្មជាតិ និងចំណីអាហារដែលបានដាក់លាយបញ្ចូជាតិអុីយ៉ូដដូចជា នំបុ័ង
ទឹកត្រី ជាពិសេសអំបិលអុីយ៉ូដ ដែលជាជម្រើសល្អបំផុតសម្រាប់សុខភាព និងសុខុមាលភាពយូរអង្វែង ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE