តម្បាញកន្ទេលកក់របស់អ្នកភូមិកងមាស
ខេត្តកំពង់ឆ្នាំង ៖ អ្នកភូមិកងមាស ឃុំគោកបន្ទាយ មួយភាគធំនៅតែបន្តរបរ ត្បាញកន្ទេលពីដូនតាសម្រាប់បង្កើនជីវភាព បន្ទាប់ពីការងារស្រែចម្ការ ។
លោកយាយប៉ែន ម៉ន អាយុ៧៨ឆ្នាំ បានប្រកបរបរត្បាញកន្ទេលកក់តាំងពីសង្គមចាស់មក
ប៉ុន្តែពីសម័យមុនមិនពិបាកដាំកក់សម្រាប់ត្បាញដូចសព្វថ្ងៃទេ
គឺដើរច្រូតតាមមាត់បឹង មាត់ព្រែក។
បច្ចុប្បន្នដើម្បីបានដើមកក់មូលមកត្បាញជាកន្ទេលត្រូវព្រោះគ្រាប់
បន្ទាប់មកយកស្ទូងដូចស្រូវដែរ ។
រយៈពេលស្ទូងពី៣០ទៅ៤៥ថ្ងៃទើបច្រូតដើមកក់យកមកច្រៀកហាលថ្ងៃ។
ហាលថ្ងៃរួចជ្រលក់ពណ៌ រួចយកត្បាញជាកន្ទេល។
ក្នុង១ថ្ងៃអ្នកត្បាញពីរនាក់អាចត្បាញបានកន្ទេលពីរ (ត្បាញកន្ទេលត្រូវមានមនុស្ស២នាក់) ។
ចំពោះតម្លៃទៅតាមទំហំកន្ទេលចាប់ពី៣ម៉ឺន ដល់៨ម៉ឺនរៀលតាមតូចឬធំ ។
មុខរបរនេះ គ្រាន់តែបន្ទាប់បន្សំ
សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃក្រៅពីការងារស្រែចម្ការប៉ុណ្ណោះ ។
ស្ត្រីឈ្មោះហៀង ស្រេង កាលពីពេល ថ្មីៗកន្លងមកនិយាយថា «តម្បាញកន្ទេលកក់ជ្រុង
មានតម្លៃថោកជាងកន្ទេលកក់មូល ដោយបានតម្លៃតែ១ម៉ឺនប៉ុណ្ណោះក្នុងកន្ទេលមួយ
ប៉ុន្តែកន្ទេលកក់ជ្រុងមិនពិបាកដាំដូចកក់មូលទេ គឺអាចដើរច្រូតតាមបឹង តាមព្រែកបាន
ហើយកន្ទេលកក់ជ្រុងនេះមិនពិបាកជ្រលក់ពណ៌ដែរ ។
ក្នុងមួយថ្ងៃពីរនាក់ត្បាញបានកន្ទេល៤ ។
ការធ្វើកន្ទេលកក់ជ្រុងងាយស្រួលជាងកក់មូល ព្រោះគ្រាន់តែដើរទៅច្រូតកក់តាមបឹង យកមកច្រៀកហាល ឱ្យស្ងួតយកមកត្បាញតែម្តង ។
ការធ្វើកន្ទេលនេះចុះដើមទុនតែទិញដើមក្រចៅយកមកត្បាញប៉ុណ្ណោះ»។
ការត្បាញកន្ទេលកក់របស់អ្នកភូមិកងមាស មិនបានចងក្រងជាសហគមន៍ដើម្បីសហការគ្នាពង្រឹងតម្លៃទីផ្សារដូចសហគមន៍នៅតាមភូមិឃុំមួយចំនួនទេ ។
ប្រសិនបើពួកគាត់ចងក្រងជាសហគមន៍តម្បាញកន្ទេលនោះ
តម្លៃកន្ទេលកក់នឹងអាចបានខ្ពស់ជាងនេះ ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE